
ខេត្តកំពត ៖ ដោយសារក្លិនស្នេហ៍អ្នកមេម៉ាយកូនមួយឈ្ងុយដូចដូងដុត បានជំរុញចិត្តបុរសនៅលីវម្នាក់ឱ្យហ៊ានលួចគាស់បង្អួចផ្ទះនាងលោតចូលទៅចែចង់សុំការដាក់ទានស្នេហា ដោយបើកទ្វារបេះដូងបង្ហាញអ្នកមេម៉ាយរូបនេះ ។ ផ្ទុយទៅវិញ ការចែចង់សុំស្នេហ៍ដូចចោរលួចចិត្តនេះត្រូវបានអ្នកមេម៉ាយក្តៅស្រួយបដិសេធ ហើយទីបំផុតបុរសរូបនេះបានក្លាយជាជនជាប់ចោទលួចលុយទៅវិញ ។ តាមដំណើររឿងឱ្យដឹងថា បុរសម្នាក់ត្រូវបាននគរបាលស្រុកកំពង់ត្រាចឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកនៅថ្ងៃទី១៧ មិថុនា ខណៈពេលស្ត្រីមេម៉ាយកូនមួយម្នាក់ដាក់បណ្តឹងមកអធិការដ្ឋាននគរបាលស្រុក ។ បុរសម្នាក់នេះឈ្មោះ សួន កុយ អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់ត្រាចទី១ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ។ រីឯស្ត្រីមេម៉ាយកូនមួយឈ្ងុយដូចដូងដុតជាដើមបណ្តឹងឈ្មោះ គឹម សុភក្តិ អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិជាមួយជនជាប់ចោទដែរ ។ ស្ត្រីមេម៉ាយជាដើមបណ្តឹងបាននិយាយប្រាប់នគរបាលថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ មិថុនា បុរសឈ្មោះ សួន កុយ បានលួចគាស់បង្អួចលោតចូលមកក្នុងផ្ទះរបស់នាង និងនិយាយសុំស្នេហ៍ពីនាង បុ៉ន្តែទោះបីបុរសរូបនេះនិយាយផ្អែមល្ហែមសុំការដាក់ទានស្នេហាបែបណា ក៏នាងមិនព្រមដែរ ថ្វីបើនាងជាស្ត្រីមេម៉ាយក៏ដោយ ។ នាងសុភក្តិ បាននិយាយប្រាប់នគរបាលបន្តទៀតថា ក្នុងពេលនោះដែរ នាងបានបាត់លុយចំនួន២០ម៉ឺនរៀល និងចោទទៅលើឈ្មោះកុយ ជាអ្នកយក ។ នៅព្រឹកថ្ងៃទី១៧ មិថុនា នគរបាលបានហៅនាងគឹម សុភក្តិ ទៅអធិការដ្ឋានស្រុក ព្រោះបុរសជាប់ចោទមានបំណងចង់ដោះស្រាយបន្ទាប់ពីនាងប្តឹងទារសំណងចំនួន១,៥លានរៀល បុ៉ន្តែឈ្មោះ សួន កុយ មិនមានប្រាក់បង់ និងនិយាយអង្វរថា ខ្លួនជាកូនកំព្រាឪពុកម្តាយ ហើយក៏មិនទាន់មានប្រពន្ធដែរ ។ គេនិយាយដោយត្រង់ៗប្រាប់នគរបាលថា ខ្លួនពិតជាស្រឡាញ់នាងមេម៉ាយកូនមួយរូបនោះប្រាកដមែន ។ លោកអនុសេនីយ៍ឯក ស៊ីម នៅ អធិការរងនគរបាលស្រុកនិយាយថា សំណុំរឿងឈ្មោះ សួន កុយ និងនាងគឹម សុភក្តិ លោកបានបញ្ជូនទាំងមនុស្ស ទាំងសំណុំរឿងទៅស្នងការដ្ឋានខេត្តហើយដើម្បីដោះស្រាយតាមនីតិវិធី ៕
ដោយកោះសន្តិភាព
0 comments:
Post a Comment